កំពង់ឆ្នាំង ៖ សួនច្បាររង្វង់មូលទូក ដែលបានកសាងឡើងនៅតំបន់អភិវឌ្ឍន៍ថ្មីនៃខេត្តកំពង់ឆ្នាំង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយពីបានសាងសង់រួចរាល់ជាស្ថាពរ ។ ពិធីឆ្លងសមិទ្ធិផលថ្មីនេះ បានធ្វើឡើលកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ។
ពិធីឆ្លងសួនច្បាររង្វង់មូលទូក គឺបានធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបាននិមន្តមន្រ្តីសង្ឃខេត្ត ស្រុក ជយន្តោចម្រើនសិរីសួរស្តី និង ពិធីរាប់បាត្រព្រះសង្ឃ១១៧អង្គ។ ព្រមទាំងបានធ្វើពិធីសែនក្រុងពលី ដាក់ឲ្យដំណើរការសួនច្បាររង្វង់មូលទូកមាសនេះផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា សួនច្បាររង្វង់មូលទូកនេះបានកសាងឡើងក្នុងអំឡុងបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ដែលសួនច្បារនេះ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងជាកន្លែងអភិវឌ្ឍន៍ថ្មីរបស់ខេត្ត ។ រង្វង់មូលនេះមានផ្លូវប្រសព្វទាំងតូចទាំងធំចំនួន៨ សាងសង់នៅលើផ្ទៃដីធំទូលាយ មានចំណតរថយន្តធំទូលាយ និង បំពាក់ដោយភ្លើងចម្រុះពណ៌នាពេលរាត្រី ។
ឯកឧត្តមបានបញ្ជាក់ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារថ្មីនាពេលនេះ បានបង្ហាញសារជាថ្មី នៃដំណើរការនៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ដែលកំពុងបោះជំហានពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមកម្មវិធីនយោបាយរបស់រាជរាជរដ្ឋាភិបាល ។សួនច្បារថ្មីនេះ នឹងក្លាយជាកន្លែងថ្មី មួយទៀតសម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត និង ហាត់ប្រាណដើម្បីសុខភាព ព្រោះតំបន់នេះមានបរិយាកាសល្អប្រសើរ ។
ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋនៅតំបន់ចូលរួមថែរក្សាសមិទ្ធិផលមួយនេះ ឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងត្រូវពិនិត្យមើលលើបញ្ហាអនាម័យ បរិស្ថាន និងសន្តិសុខ ធ្វើយ៉ាងណាឲ្យសួនច្បារង្វង់មូលទូកក្លាយជាតំបន់គោលដៅថ្មីសម្រាប់ប្រជាពលរដ្ឋមកលេកំសាន្ត និង ហាត់ប្រាណផង ។
សូមបញ្ជាក់ថា នៅក្នុងក្រុងកំពង់ឆ្នាំង មានសួនច្បារសាធារណៈចំនួន៦កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋពលរដ្ឋមកលេងកំសាន្តដូចជាសួនច្បារដំរីស សួនច្បារកង្រី សួនច្បារដើមពោធិ៍ សួនកុមារ សួនសម្តេចគង់ សំអុល សួនសម្តេចជួន ណាត និង សួនរង្វង់មូលទូក មាស។
ប្រជាពលរដ្ឋដែលបានចូលរួមរួមបានសំដែងនូវការសប្បាយរីករាយ ចំពោះសមិទ្ធិផលថ្មីដែលពុំធ្លាប់មាន នៅក្នុងភូមិសាស្ត្រមួយនេះប្រជាពលរដ្ឋបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល
ខេត្ត ដែលក្នុងរយៈពេលកន្លងមកនេះបានរៀបចំធ្វើការអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យមានការផ្លាស់ប្តូរប្រែមុខមាត់ថ្មី ធ្វើឲ្យខេត្តមានការរីកចម្រើនជាបន្តបន្ទាប់ ។
នៅក្នុងរយៈចុងក្រោយនេះ ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ នឹងបានក្លាយជាគោលដៅទេសចរណ៍ របស់អ្នកទេសចរណ៍ក្នុងតំបន់ និង មកពីទូទាំងប្រទេស ដើម្បីមកលេងកំសាន្ត តំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តផងដែរ ៕