កំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជារ ដល់អភិបាលក្រុង ស្រុកនិងគ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវតែរួមគ្នា ឲ្យកាន់តែសកម្មថែមទៀតក្នុងកិច្ចការ ការពារប្រយុទ្ធប្រឆាំង ទប់ស្កាត់និងជំងឺកូវីដ១៩ ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាទៅមន្ត្រីអាជ្ញាធរបែបនេះនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកុមារកំព្រានិង ផ្សព្វផ្សាយខ្លឹមសារខួបអនុស្សាវរីយ៍លើកទី៤២ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។ឯកឧត្តម បានបញ្ជាក់ទៀតថា នៅតាមស្រុក ក្រុង ត្រូវតែដាក់នូវវិធានការម៉ឹងម៉ាត់បំផុតក្នុងការទប់ស្កាត់និងការរីករាលដល់នៃជំងឺកូវីដ១៩ ដោយអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល និង តាមដានឲ្យបានជាប់ជាប្រចាំ រាល់ព័ត៌មាន និង ស្ថានភាពចេញចូលរបស់ប្រជាពលរដ្ឋ ។ ហើយអាជ្ញាធរក៏ត្រូវត្រៀមឲ្យមានជាស្រេចនូវទីតាំងនីមួយៗ សម្រាប់ធ្វើចត្តាឡីស័កផងដែរ ។
ឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងច្រើនពីស្ថានភាពជំងឺកូវីដ.១៩ អាជ្ញាមូលដ្ឋាន ត្រូវតែចុះធ្វើការផ្សព្វផ្សាយជាប្រចាំ ដល់ភូមិ ឃុំ និង ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និង ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននូវជំងឺដ៏កាចសាហាវនេះ ។ ចំពោះតាមផ្សារនានា ត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ ដោយអាជ្ញាធរត្រូវ ណែនាំដល់ប្រជាពលរដ្ឋដែលទៅតាមផ្សារត្រូវពាក់ម៉ាស់ លាងសម្អាតដៃឲ្យបានញឹកញាប់និង មិនត្រូវមានការជួបជុំ ប្រមូលផ្តុំគ្នាច្រើនឡើយ ៕