ប្រជាពលរដ្ឋប្រមាណជាង ១២០០ គ្រួសារ រស់នៅក្នុងអគារសហកម្មសិទិ្ធបុរីកីឡាទាំង០៨អគារ បានទទួលបណ្ណកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន របស់ខ្លួនពីអាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

នៅក្នុងពិធីសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ដោយឃើញអំពីស្ថាន ភាពលំបាកនិងដើម្បីជួយសម្រាលបន្ទុក ក្រៅពីផ្តល់បណ្ណកម្មសិទ្ធិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជននេះផងដែរ។
ឯកឧត្តម បន្តថា ទាំងនេះពិតជាស្ដែងឱ្យឃើញអំពីយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារបុរីកីឡាទាំង០៨អគារ តាមរយៈការជួយសម្រួលដល់ការធ្វើប័ណ្ណកម្មសិទ្ធិ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជាង១២០០គ្រួសារ ដែលបានទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន របស់ខ្លួន ក៏បានបង្ហាញពីក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជូនអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ នាពេលនេះ។
គួរបញ្ជាក់ថា ពលរដ្ឋដែលទទួលបានកម្មប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនលើ អគារបុរីកីឡាទាំង ០៨អគារ មានចំនួនជាង១២០០គ្រួសារ ស្មើនឹង ១.៣៩២បន្ទប់ ៕

