កំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រីចំនួន៣៣នាក់ កំពុងដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ដោយសារពួកគាត់មានអាការ:ឈឺក្បាលវិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ កំដរបុណ្យសព ដែលស្លាប់ដោយសារពុលទឹកអណ្តូង នៅស្រុកទឹកផុស ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា រហូតដល់ព្រលប់ថ្ងៃនេះ ក្រុមគ្រួពេទ្យកំពុងជួយសង្រ្គោះ ដោយដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់ ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្នកជំងឺដែលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តមានចំនួន១១នាក់ ហើយអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅសង្រ្គោះនៅភ្នំពេញចំនួន៤នាក់ ៕











