កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ នឹងត្រូវប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ឆ្នាំងផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។
មន្ត្រីរូបនេះបានឲ្យដឹងថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អភិបាលខេត្តថ្មី នឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ
២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលពីមុននេះ ជាអភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៕










