ឧត្ដម​សេនីយ៍​ឯក ខឹម​ជា សាឃឿន​ ត្រូវ​បាន​ប្រកាស​ចូលកាន់​​តំណែង​​​ជានាយ​សេនាធិការ​កងទ័ពជើង​គោក

  • ភ្នំពេញ៖ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខ​តំណែង​ឧត្ដម​សេនីយ៍​ឯក ខឹមជា សាឃឿន អត្តលេខ ០០០១១៦ ជាមេ​បញ្ជាការ​រង និង​ជានាយសេនាធិកា​របញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវទៅទទួលភារកិច្ចថ្មីជារដ្ឋលេខាធិការក្រសួងការពារ​ជាតិ។

    ពិធីប្រកាសចូលកាន់មុខតំណែង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោម​អ​ធិបតី​ភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា​ការកងយោធពលខេមរភូមិន្ទ។

    ក្នុងរបាយការណ៍ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកបានគូសបញ្ជាក់​ពី​ការ​​រីក​ចម្រើន​លើគ្រប់ផ្នែករបស់បញ្ជាការដ្ឋានកងទ័ពជើងគោក មានដូចជា ម្ចាស់ការបំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការ​ចូល​រួម​ស្តារ អភិវឌ្ឍសង្គមជាតិ រួមទាំងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់ និង ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

    ក្នុងមតិសំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកង​យោ​ធ​ពល​ខេមរភូមិន្ទគ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេស​បាន​ចូល​ជ្រៅដល់ដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ(និយាយជារួម) និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ព​ជើង​គោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សា​ឃឿន​ ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិមាតុភូមិនាពេលកន្លងមក ព្រមទាំងផ្តាំផ្ញើឲ្យ​ខិត​ខំ​បំពេញ​ភារ​កិច្ចក្នុងនាមជានាយសេនាធិការកងទ័ពជើងគោក ការលើកកម្ពស់សមត្ថភាព សីលធម៌ គុណធម៌ ការចែករំលែកចំណេះដឹង បទ​ពិសោធ​ន៍​ដល់នាយទាហានបន្តវេន និងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

    បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវ​បន្ត​ពង្រឹងការអនុវត្តច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់បទបញ្ញត្តិ ១០ ចំណុច​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសអបអរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក(២៤-មករា-២០១៩)។

    ទន្ទឹមនោះ ត្រូវចូលរួមការពារសន្តិភាពឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៍ដោយ និងត្រូវយកចិត្តទុកដាក់កសាងធនធាន​មនុស្ស​សម្រាប់​ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឲ្យបានត្រឹមត្រូវការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់​លក្ខន្តិកៈ​របស់កងយោធពលខេមរភូមិន្ទ និងជម្រុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋនៅតាមបណ្ដាកងឯកភាពឲ្យបានល្អ។

    សូមបញ្ជាក់ថា ពិធីប្រកាសមុខតំណែងនាយសេនាធិការកងទ័ពជើងគោក បានបញ្ចប់បន្ទាប់ពីឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន បាន​ធ្វើសេចក្ដីប្តេជ្ញាចិត្ត និងគណៈអធិបតីប្រគល់បាច់ផ្កា វត្ថុអនុស្សាវរីយ៍ ជូនដល់អតីត​នាយទាហាន​ជាន់​ខ្ពស់​របស់​បញ្ជាការ​ដ្ឋានក​ង​​ទ័ព​ជើងគោក ដែលត្រូវបានតម្លើងតួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង