កំពង់ឆ្នាំង ៖ កម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោកលី ឡា ដែលជានាយខណ្ឌ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងសហគមន៍នេសាទតាមមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេ ក្នុងភូមិសាស្រ្តស្រុកកំពង៉លែង ស្រុកជលគិរី និង ស្រុករលាប្អៀរ ។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនេះ ជំនាញបានសម្រេចធ្វើការរុះរើរបាំងស្បៃមុង៥៥កន្លែង,ប្រវែង២៤០០ ម៉ែត្រ
,លូស្បៃមុងចំនួន៦២គ្រឿង,របាំងសាច់អួនចំនួន៦កន្លែង ប្រវែង៧៥០ម៉ែត្រ,លបសាច់អួន១៤គ្រឿង,បង្គោលចំនួន១៥០០ដើម និង ចាក់លែងត្រីចម្រុះទៅក្នុងដែននេសាទវិចំនួន១៥៥គីឡូក្រាមផងដែរ ។
លោកលី ឡា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឲ្យប្រើឧបករណ៍ ដែលច្បាប់ហាមឃាត់ ជាពិសេសឧបករណ៍ឆក់និងលូស្បៃមុង ពីព្រោះឧបករណ៍ប្រភេទនេះ វាបានបំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ប្រជានេសាទត្រូវកាត់បន្ថយការចាប់ត្រីតាមបឹងធម្មជាតិ ហើយងាកមកចាប់យកនូវមុខរបរចិញ្ចឹមតាមគ្រួសារឲ្យបានច្រើន ពីព្រោះតម្រូវការត្រីកាន់តែច្រើនទាំងទីផ្សារក្នុងស្រុក និង ការនាំចេញផងដែរ ៕