ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំ នៃមន្ទីរព័ត៌មាន ខេត្តកណ្តាល

ភ្នំពេញ ៖ បន្ទាប់ពីបានរៀបចំឡើងវិញរួចរាល់នូវបន្ទប់ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP) និងសាលប្រជុំ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវបានប្រារព្ធពិធីសម្ពោធប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP) និងសាលប្រជុំ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ស្ថិតនៅ មន្ទីរព័ត៌មាន ខេត្តកណ្តាល ភូមិ តាខ្មៅ សង្កាត់ខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គិម រីទ្ធី អភិបាលរងខេត្តកណ្តាល បានកោតសរសើរពីលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកណ្តាល សម្រចអនុវត្តន៍បានក្នុងរយៈពេល កន្លងមកនេះ ប្រកបដោយប្រសិទ្ធិភាព និងវឌ្ឍនភាព ក្នុងនោះបានពិនិត្យឃើញថា ការថត រូបភាព និង ការសរសេរអត្ថបទ បានល្អប្រសើរជាងមុន ហើយការផ្សព្វផ្សាយ ក៏បានឆាប់ រហ័សផងដែរ។ លោក អភិបាលរងខេត្ត បានបង្ហាញថា ការផ្សាយរបស់ ទីភ្នាក់សារព័ត៌មានកម្ពុជា បានបម្រើដល់អ្នកអានទាំងក្នុងនិងក្រៅប្រទេស ពិសេសសម្រាប់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកសិក្សាស្រាវជ្រាវ ជាដើម ដែលអាចមើលយល់ដឹងបានគ្រប់ពេល ពីសភាពការណ៍វិវត្តន៍ថ្មីៗរបស់ប្រទេសជាតិ។ ជាក់ស្តែង ខណៈលោកអភិបាលរងខេត្ត ទៅបំពេញការសិក្សានៅក្រៅប្រទេស លោកបានតាមដាន គោលនយោបាយក្នុងប្រទេស និងក្រៅប្រទេស សំខាន់ៗជាច្រើន ពីទីភ្នាក់សារព័ត៌មានកម្ពុជាតាមប្រព័ន្ធអិនធើណិត។

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ដំណឹងដែលបានចេញ ផ្សាយនៅទីភ្នាក់ងារសារព័ត៌មានកម្ពុជា មិននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿង ឈ្លោះប្រកែកគ្នាក្នុងគ្រួសារនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយ គឺជំហររបស់រាជរដ្ឋាភិបាល នៅលើចំនុចនីមួយៗ ឬការអនុវត្តន៍របស់រាជរដ្ឋាភិបាល ហើយដំណឹងដែលបានចុះផ្សាយមាន ជា ភាសា ខ្មែរ បារាំង និងអង់គ្លេស ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មានគឺជា ទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែរគេចង់មើល ទើបស្ថាប័នព័ត៌មាន នោះដំណើរការទៅមុខបាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ចាក់ជូនដល់បណ្តាមន្ទីរព័ត៌មានផងដែរថា ជារៀងរាល់ខែ មិនបាច់ផ្ញើរបាយការណ៍ មកក្រសួងព័ត៌មាន អំពីការផ្សាយព័ត៌មាន បានប៉ុន្មានអត្ថបទ ក្នុង ១ខែ នោះទេ អ្វីដែលក្រសួងចង់ដឹងនោះ ថាតើនៅក្នុងខែនេះ ប្រជាជនក្នុងខេត្ត គិត ឬ ចង់ដឹងរឿងអ្វីជាសំខាន់? តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើ ចម្ងល់របស់ប្រជាជនយ៉ាងដូចម៉្តេចខ្លះ? តាមរយៈនេះ ក្រសួងព័ត៌មាន តែងតែបានណែនាំ ដល់គ្រប់មន្ទីរព័ត៌មាន ទាំងអស់ នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងក្នុងខេត្តរបស់់ខ្លួន ដើម្បីធ្វើជា របាយការណ៍ ដាក់ជូនទៅគណ:អភិបាលខេត្ត តាមរយៈអភិបាលរង ទទួលបន្ទុកការងារព័ត៌មាន សម្រាប់ឲ្យខេត្ត មានប្រតិកម្មឆ្លើយតប បានទាន់ពេលវាលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ។

ឯកឧត្តម បានលើកឡើងដែរថា ការដឹកនាំប្រទេស ត្រូវការអំណាច ២ ទីមួយ អំណាចរឹង ផ្អែកលើកម្លាំង ប្រដាប់អាវុធ តុលាការ ហើយបច្ចុប្បន្ននេះ អំណាចរឹងត្រូវការ ចំណាយលុយច្រើន។ ប៉ុន្តែពេលនេះ គេតែងប្រើអំណាចទន់វិញ ហើយចំណាយតិច ដូចជាការ ផ្សព្វផ្សាយឃោសនា តាមវិទ្យុ ទូរទស្សន៍ ភាពយន្ត ចម្រៀង និងតាមរយៈសិល្បករ ជាដើម ដែលអាចទាក់ទាញចិត្តមនុស្ស ឲ្យទន់បាន បើយើងចេះប្រើ។ ដូច្នេះ ព័ត៌មាន ក៏ដូចគ្នាដែរ ត្រូវធ្វើការពន្យល់ឲ្យបានខ្លី ងាយយល់ នូវរឿងអ្វីមួយដែលបានផ្សាយទៅ។ ការងារព័ត៌មាន មិនមិនជាតូឯក ធ្វើតែម្នាក់ឯង បានជោគជ័យនោះទេ ត្រូវមានកិច្ចសហការគ្នា ទើបធ្វើឲ្យព័ត៌មានបានល្អ។ តារយៈនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងមានយុត្តិធម៏ គិតពី គោលការណ៏ក្នុង ការងារ ហើយត្រូវចេះប្រមូលគ្នាមកធ្វើការជារួម ទើបអាចសម្រេចបាន លទ្ធផលការងារល្អ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកា ដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ចំនួន ៨០ នាក់ ក្នុងម្នាក់ ៥ ម៉ឺនរៀល។ជាមួយបាននាំមកនូវ កាមេរ៉ាថតរូប១គ្រឿងនិងកុំព្យូរទ័រ១គ្រឿង ជូនដល់ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាសម្រាប់ប្រើបា្រស់ក្នុងការផលិតព័ត៌មានផងដែរ ៕ប្រភព AKP

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង