ខេត្តកំពង់ឆ្នាំង បាត់បង់ឳកាសបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយពីចាញ់ ខេត្តកែប ទាំងពីរជើងនៅវគ្គ៨ក្រុមចុងក្រោយ(១/៤)។
ក្នុងជំនួបប្រកួតជើងទី២នៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ក្រុមភ្ញៀវខេត្តកែប បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ដោយកីឡាករ ជឿន ណាចារ នៅនាទីទី១២ ។ ក្រោយមកនៅនាទីទី២១ ខេត្តកំពង់ឆ្នាំង បានរកគ្រាប់បាល់តាមស្មើ ១-១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់វគ្គទី១។
នៅវគ្គទី២ នៅនាទីទី៨៦ កីឡាករ ជឿន ណាចារ ក៏បានសម្រេចគ្រាប់បាល់ទីពីរ បន្តការនាំមុខម្ចាស់ផ្ទះ ២-១ ។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។
គួរបញ្ជាក់ថា កាលពីប្រកួតជើងទី១ ខេត្តកែប បានយកឈ្នះខេត្តកំពង់ឆ្នាំង ក្នុងទឹកដីរបស់ខ្លួនក្នុងលទ្ធផល ៤-៣ ។ តាមរយៈជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៦-៤ ធ្វើអោយខេត្តកែប ទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕