ក្លិបក្រសួងការពារជាតិ ប្រកាសប្ដូរឈ្មោះ និងបង្ហាញរចនាសម្ព័ន្ធថ្មី

  • កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លិបទ័ព បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងបានប្រកាសពី​ថ្នាក់​ដឹកនាំថ្មី ដើម្បីជំរុញអោយក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។ ពិធីនោះ ក៏បាន​ប្រកាស​ថា ក្លឹបទ័ពនឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនដុល្លារ លើ​សកម្មភាពរបស់ខ្លួន។

    ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈ​ដែល​ការ​ប្ដូរ​ឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករ​ល្អៗ​អោយ​កាន់​តែ​ខ្លាំង​ និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លឹប។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើ​ឡើង​ស្រប​គ្នា​នឹង អគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញ​ថ្លៃក្លឹប​បាល់​ទាត់​នេះ​បាន​យក​មក​គ្រប់​គ្រង​រហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាង​នាយ​ក​ប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិអោយនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់​ពីដើមឆ្នាំ២០២០ តទៅនោះផង។

    លោក ស៊ុប៉ាឆៃ វិរះពូជុង មហាសេដ្ឋីមុខជំនួញ ដែលត្រូវគេស្គាល់ថាគឺជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រកាស​អោយ​ដឹង​ថា​ ដោយសារតែកត់សម្គាល់ថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ គឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្ន តែនៅខ្វះ​អ្នក​ជ្រោម​ជ្រែង​នៅឡើយ ទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយ។ ម្យ៉ាងមកពី ប៉ុស្តិ៍​លេខ​៥ និងក្រសួងការពារជាតិ ជាពិសេសគឺ កងយោធពលខេមរភូមិន្ទ មានទំនាក់ទំនងស្និទ្ធិនឹងគ្នាតាំងពីយូរ​យារមក​ហើយ​ផង ទើបឈានដល់ការជួយក្លឹបបាល់ទាត់មួយនេះ ដើម្បីរួមចំណែកជួយដល់វិស័យកីឡាប្រចាំនៅក្នុង​ក្រសួង​ការពារ​ជាតិ​ទាំង​មូល​។

    លោកគម្រោងស្វែងរកដៃគូស្ពុនស័រជាច្រើនផ្សេងទៀត ជួយដល់ក្លឹបបាល់ទាត់មួយនេះ ដើម្បីជាប្រយោជន៍ដល់ក្លឹបទាំងមូល។
    លោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុម​ខ្លាំង​មួយ​ក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេស​មកជួយពង្រឹងក្រុមផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង