រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍៖ព្រឹត្តិការ​ណ៍ទេសចរ​ណ៍ជិត២០​ នឹង​រៀបចំ​នៅសៀមរាប​​​ក្នុង​​ឆ្នាំនេះ​

  • ឯកឧត្តម ​ថោង ​ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹងថា​ រាជរដ្ឋា​ភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍​ទេសចរណ៍​តូចធំជិត​២០កម្មវិធី នៅ​គោល​ដៅទេសចរណ៍​សៀមរាប-អង្គរ នាអំលុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនា​ទេសចរកាន់តែច្រើនទៅកាន់​ខេត្តសៀមរាប និង​សំដៅ​ទាក់ទាញ​កំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។

    ថ្លែងក្នុងកិច្ចសម្ភាស​ជាមួយក្រុមអ្នក​សារព័ត៌មាន នារសៀលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រៅពីព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាប ឯកឧត្តម​រដ្ឋមន្ត្រី ​ថោង ខុន បានបញ្ជាក់​ប្រាប់ថា ក៏នៅមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយលោកបានបង្ហើបថា ព្រឹត្តិការណ៍​ទេសចរណ៍​ទាំងនោះ នឹងត្រូវបង្ហាញ​លម្អិតនា​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខ​នេះ។

    បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បីចុះ​អនុវត្ត​ការងារ​សំខាន់​ៗមួយ​ចំនួន ក្នុង​នោះមានដូចជា​ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែល​ទទួល​រងកា​រប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើន​ការ​ផ្សព្វ​ផ្សាយ​ពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិទាំងមូល។

    តាមការបញ្ជាក់​របស់ឯកឧត្តម​ ថោង ខុន ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​ទាំងឡាយ​នឹងសប្បាយ​រីករាយជាមួយ​ដំណើរ​កម្សា​ន្ត​​ទៅ​កាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និង​​ផ្ដល់នូវភាពកក់ក្ដៅ»។

    ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប សូមមាន​ការបន្ធូរ​បន្ថយថ្លៃ​ស្នាក់នៅ​ជូន​ដល់ភ្ញៀវ​ទេសចរ​គ្រប់គ្នា ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូម​កុំយក​ចំណេញ​លើការរៀប​ចំសេវាកម្ម​កញ្ចប់​ទស្សន​កិច្ច​ពីភ្ញៀវ​ច្រើនពេក ខណៈដែលរាជរដ្ឋាភិបាល​ក៏កំពុងដាក់​ចេញនូវគោលនយោបាយ​លើកទឹកចិត្តនានា​ដល់ផ្នែកឧស្សាហកម្មទេសចរណ៍​ផងដែរ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង