សមយុទ្ធប្រចាំឆ្នាំក្រោមប្រធានបទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមករានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានចូលរួម អង្គភាពអន្តរាគមន៍ នានារួមមានដូចជា កងពលតូចថ្មើរជើងលេខ៧០ កងកម្មង់ដូ៩១១ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម កងទ័ពអាកាស កងកម្លាំងសមត្ថកិច្ច និងបុគ្គលិកភ្នាក់ងារឯកជនដែលកំពុងបម្រើការក្នុងអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់លំហាត់សមយុទ្ធនេះ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ការធ្វើលំហាត់សមយុទ្ធនេះ ក្នុងគោលបំណង ធានាសន្តិសុខ និងសុវត្ថិភាពនៃប្រតិបត្តិការអាកាសចរស៊ីវិល ជូនអ្នកដំណើរជាតិនិងអន្តរជាតិ ពិសេស ដើម្បីបង្ការនិងត្រៀមខ្លួនឆ្លើយតបជាបន្ទាន់ ចំពោះគ្រោះអាសន្ននានាដែលអាចកើតមានជាយថាហេតុ។
ឯកឧត្តម បានបន្ថែមថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំរបស់អាកាសចរស៊ីវិល ត្រូវបានកំណត់ឱ្យ ធ្វើនៅក្នុងនិងជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិ។ ហើយត្រូវអនុវត្តជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តងចំពោះសមយុទ្ធទ្រង់ទ្រាយធំ ១ឆ្នាំម្តងសម្រាប់លំហាត់សមយុទ្ធតាមផ្នែក និង៦ខែម្តងសម្រាប់ លំហាត់សមយុទ្ធដែលបង្ហាញលើតុ ។
គួររំលឹកថា សមយុទ្ធប្រចាំឆ្នាំក្រោមប្រធានបទ «ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ» ដែលបានធ្វើឡើងនេះ គឺស្របតាមអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ ដែលតម្រូវឱ្យ រដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុង និងជុំវិញ បរិវេនណអាកាសយានដ្ឋាន។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ កន្លងទៅ អាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប ក៏បានសហការ ជាមួយរដ្ឋបាលខេត្ត ធ្វើសមយុទ្ធស្តីពីការគ្រប់គ្រងគ្រោះអាសន្ននៅក្នុងបរិវេណអាកាសយានដ្ឋាន ។ គោលបំណងនៃសមយុទ្ធគ្រានោះ គឺដើម្បីធ្វើតេស្ដទៅលើឧបករណ៍រុករក និងសង្គ្រោះទៅលើការទំនាក់ទំនងរវាងអាកាសយានដ្ឋានអន្ដរជាតិជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត និងសាកល្បងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះ ក៏ដូចជាការសង្គ្រោះបឋមនៅកន្លែងកើតហេតុ៕