យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បាតុភូតចុះអ័ព្ទនេះនឹងមានការរំខានដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។