កម្លាំង​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​មនុស្ស​៣នាក់​ និង​គ្រឿង​ចក្រ​ពី​បទ​ឈូស​ឆាយ​រំលោភ​ដី​បឹង​ធ្វើ​ជា​កម្ម​សិទ្ធិ​

  • កំពង់ឆ្នាំង ៖ មនុស្សចំនួន៣នាក់ រួមជាមួយគ្រឿងចក្រ១គ្រឿង( អុិចស្កាវ៉េទ័រ ) និងរថយន្តដឹកគ្រឿងចក្រ១គ្រឿងទៀតត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ស្រុកកំពង់ត្រឡាច សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ធ្វើការចាប់ឃាត់ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយវាតយកដីបឹងរបស់រដ្ឋមួយកន្លែង ស្ថិតនៅចំណុចបឹងធំ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ឲ្យដឹងថា ការណ៍ដែលសមត្ថកិច្ចធ្វើការឃាត់គ្រឿងចក្រ និងមនុស្ស៣នាក់ ខាងលើនេះ គឺដោយសារតែពួកគេបានយកគ្រឿងចក្រទៅឈូសឆាយពង្រីកដីបឹងរបស់រដ្ឋ ដែលជាដែននេសាទការពាររបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ ដើម្បីអាស្រ័យផល ជាប្រយោជន៍ផ្ទាល់ខ្លួន។

    លោក លី ឡា បានឲ្យដឹងទៀតថា ករណីខាងលើនេះគឺ ជាករណីខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូច្នេះត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ដែលមិនអាចលើកលែង និងអនុគ្រោះឲ្យបានឡើយ។

    លោកបញ្ជាក់ថា បច្ចុប្បន្នគ្រឿងចក្រត្រូវបានរក្សាទុក នៅកំពង់ត្រឡាចក្រោម ចំណែកមនុស្សទាំង៣នាក់ខាងលើនេះ ផ្ញើទុកនៅនិងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ជាបណ្ដោះអាសន្នសិននៅពេលមន្ត្រីជំនាញរបស់លោករៀបចំឯកសារចប់ នឹងត្រូវបញ្ជូនទៅកានតុលាការ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង