កំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានរងរបួសបែកក្បាលនិងដៃធ្ងន់ធ្ងរ ត្រូវគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជនដៃខឹងចាក់ធុងបាស់ឮសម្លេងខ្លាំងៗ និយាយមិនស្តាប់ ក៏លីចបជីកទៅវ៉ៃដល់ផ្ទះតែម្តង ។ករណីផ្ទុះហឹង្សាដាក់គ្នាដោយសារតែរឿងចាក់ធុងបាស់នេះ បានកើតឡើងកាលពីវេលា១២ថ្ងៃត្រង់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ឈ្មោះលី ចាន់ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកឯកជនរងគ្រោះឈ្មោះឌី ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស៊ីនិងបានចាក់ធុងបាស់កំដរផងដែរ។ ពេលនោះជនដៃដល់បានប្រាប់កុំអោយបើកសម្លេងឮខ្លាំងពេករំខានដល់គេជិតខាង ដេកពួន ។ តែជនរងគ្រោះនៅតែមិនស្តាប់ រឹតតែបើកសម្លេងឮដដែល ដោយទ្រាំមិនបានជនដៃដល់បានលីចបជីកចូលវាយសំពងជនរងគ្រោះដល់ផ្ទះបណ្តាលអោយត្រូវចំក្បាលបណ្តាលអោយបែកហូរឈាមស្រោចពេញខ្លួន និង រងរបួសដៃយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់១ថ្ងៃ ទើបនៅថ្ងៃទី១៨ កុម្ភ: នេះសមត្ថកិច្ចឃាត់ខ្លួនបាន យកមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៅតាមនីតិវិធី ។