នៅក្នុង​ឆ្នាំ​២០២៣​ ខេត្ត​កំពង់​ឆ្នាំង​ ប្រមូល​ផល​ត្រី​បាន​ជាង​៤​ម៉ឺន​តោន​

  • កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងជាខេត្តមួយសំបូរត្រី ដោយសាតតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣កន្លងទៅខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង៤ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។

    លោក លី ឡា បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបាន ចំនួន ៤១ ១៦៥តោន បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង ចំនួន ១ ០០០តោន ( មួយពាន់តោន ) ។ លោក នាយខណ្ឌបញ្ជាក់ថា ការកើនឡើងនៃផលត្រីនេះដោយកត្តាធម្មជាតិ និងបទល្មើសមានការ​ថយចុះ ។

    លោក លី ឡា បានឲ្យដឹងទៀតថា កន្លងទៅនេះ មន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់លំដាប់ថ្នាក់ បានសហការជាអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីជលផល និងធ្វើការបង្ក្រាបជាក់ស្តែង រាល់បទល្មើសនេសាទដែលជនខិលខូចមួយចំនួន លបលួចធ្វើសកម្មភាព នៅតាមដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

    លោក លី ឡា បានឲ្យដឹងបន្ថែមទៀតថា សម្រាប់ទិសដៅការងារ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៤នេះ តាមការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងសន្និបាតប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ គឺសន្តិសុខស្បៀង និងនិរន្តរភាព ។ទោះបីវិស័យជលផលទ្រទ្រង់ក្នុងវិស័យសន្តិសុខស្បៀងយ៉ាងណាក្តី ចាំបាច់ត្រូវតែមាននិរន្តរភាព ។ បានន័យថា ធនធានជលផលត្រូវតែប្រើប្រាស់ ប្រកបដោយតម្លាភាព និងនិរន្តរភាព សម្រាប់តទៅកូនចៅ របស់យើងជំនាន់ក្រោយៗទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង