ត្រី​ប្រហុក​ចាប់​ផ្តើម​ត្រូវ​ជា​បណ្តើរ​ៗហើយ​ តែ​ត្រីអាច​ត្រូវ​ច្រើន​នៅ​ខ្នើត​ខែ​ក្រោយ​

  • កំពង់ឆ្នាំង៖ត្រីសម្រាប់ធ្វើប្រហុក ផ្អកបានចាប់ផ្តើមត្រូវជាបណ្តើរៗហើយ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ។ ប៉ុន្តែត្រីអាចនឹងត្រូវច្រើន នៅខ្នើតខែក្រោយ ។ នេះបើតាមការបញ្ជាក់ របស់លោក លី ឡា នាយខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ។

    លោក លី ឡា បានឲ្យដឹងថា ខណៈពេលនេះ អ្នកនេសាទចាប់បានត្រីធំច្រើនជាងត្រីប្រហុក ដូច្នេះប្រជាពលរដ្ឋ ដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ នៅមិនទាន់ចុះមកច្រើននៅឡើយទេ ។ លោកបញ្ជាក់ថាត្រីប្រហុកអាចនឹងត្រូវច្រើន នៅខ្នើតខែក្រោយ ( ខ្នើត​ទី២ ) ហើយនៅពេលដែលត្រីត្រូវច្រើន ប្រជាពលរដ្ឋក៏ចុះមកធ្វើប្រហុក ផ្អក ច្រើនដែរ ។ ពីព្រោះកាលណាត្រីត្រូវច្រើនតម្លៃក៏ធូរថ្លៃ និងងាយស្រួលទិញ ។

    លោក លី ឡា បានឲ្យដឹងទៀតថា កាលពីថ្ងអង្គារ ៧កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទនៅក្នុងខេត្តកំពង់ឆ្នាំង បានចេញបណ្តែតមង ក្រឡា២.៣ សង់ទីម៉ែត្រ មាន ៧៥០ ក្បាលទូក ហើយក្នុងមួយថ្ងៃចាប់ត្រីបានចន្លោះពី២០,៣០គីឡូក្រាមក្នុង១ក្បាលទូក មានត្រីរៀល,ត្រីក្អែក ,ត្រីចង្វា និងត្រីស្លឹកឬស្សី ចំពោះតម្លៃចន្លោះពី ៨០០រៀល ទៅ១ ២០០ រៀល ។សម្រាប់មងក្រឡាចាប់៦.១២ សង់ទីម៉ែត្រ មាន៣៥០ ក្បាលទូកចាប់ត្រីបានចន្លោះពី៥ ទៅ១០ គីឡូក្រាម ក្នុង១ថ្ងៃ ។ ក្នុងនោះមានត្រីច្រកែង ,ត្រីឆ្ពិន ,និងត្រីឆ្កោក ចំពោះតម្លៃចន្លោះពី ៤ ០០០រៀល ទៅ៦ ០០០រៀល ។

    គេកត់សម្គាល់ឃើញថាប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង មានមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និង មួយចំនួនទៀត ជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង