ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបង្ហាញជូនដល់ ឯកអគ្គរាជទូតជប៉ុន អំពីការ ធ្វើទំនើបកម្ម និងការខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានលើការអភិវិឌ្ឍប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ រួមទាំងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នាព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់អំពីការធ្វើទំបើបកម្មរបស់ក្រសួងព័ត៌មាន ក្នុងការ ខិតខំប្រឹងប្រែងជារួមរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដែលរួមមានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP វិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ក្នុងការផ្ដល់ព័ត៌មាន ពិតទៅ ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយ ទំនើបរបស់ខ្លួន។

ឯកឧត្ដមបានថ្លែងថា ការងារអាទិភាពដែលឯកឧត្តមត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាល ទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងណា គឹផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និង អន្ដរជាតិ។
ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋាន ជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា ក្រោមដំបូល នៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មាន កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិត អំពីកម្ពុជា និងសង្គមរបស់ខ្លួន ។
ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនឯកឧត្ដម ឯកអគ្គរាជទូតជប៉ុន អំពីគោល នយោបាយបញ្ចកោណដំណាក់កាលទី១ ដែលបានអនុវត្ដន៍ក្នុងអាណត្ដិទី៧នេះ និងបានផ្ដោតជាសំខាន់ទៅលើការដឹកនាំរបស់ក្រសួងព័ត៌មាន ដែលនឹងធ្វើទំនើបកម្ម ស្ថាប័ន និងរដ្ឋបាលទំនើប សំដៅដល់ការធ្វើទំនើបកម្មក្រសួងព័ត៌មាន៕










