ការ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ មាន​ការ​កើន​​ឡើង​ តែ​តម្លៃ​ត្រី​នៅ​មិន​ទាន់​ល្អ​

កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តសំបូរត្រីមួយនៅក្នុងប្រទេសកម្ពុជា ដោយសារភាពអំណោយផលនៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប។ ប៉ុន្តែកត្តាកំណើនមនុស្សនិងបញ្ហាការនេសាទខុសច្បាប់បណ្តាលឲ្យទិន្នផលត្រីធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់បានដូចមុនទៀតឡើយ ។

ដោយសារតម្រូវការខ្ពស់ ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ការអភិវឌ្ឍន៍វារីវប្បកម្ម គឺជាកត្តា ដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ត្រីបានទៅ​តាម​តម្រូវការ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នការចិញ្ចឹមត្រី នៅក្នុងខេត្តកំពង់ឆ្នាំងមានការកើនឡើង ប៉ុន្តែទីផ្សារនៅមិនទាន់ល្អនៅឡើយនោះទេ ។

លោក លី ឡា បានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានអ្នកចិញ្ចឹមត្រីតាមស្រះ ចំនួន ៨៣០ស្រះ និងតាមបែរ មានចំនួន ៧៤០បែរ ដែលភាគច្រើនជាប្រភេទត្រីប្រា និងត្រីពោ ។ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ទីផ្សារជួបការលំបាកបន្តិច ដោយសារតម្លៃត្រីធ្លាក់ចុះ ។ ករណីនេះ ជំនាញកំពុងទាក់ទង រកដៃគូរឲ្យប្រមូលទិញត្រីពីប្រជាពលរដ្ឋសម្រាប់ការនាំចេញ និងធ្វើការកែឆ្នៃ ក្នុងតម្លៃសមរម្យមួយ ។ ហើយដើម្បីធានាដល់ដំណើរការ នៃការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋឲ្យមាននិរន្តរភាពល្អប្រសើរ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានចងក្រងជាសហគមន៍ អ្នកចិញ្ចឹមត្រី ហើយមន្ត្រីជំនាញជលផល បានចុះត្រួតពិនិត្យនិងផ្តល់បច្ចេកទេសដល់វារីវប្បករបន្ថែមទៀត ។

លោក លី ឡា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការចាប់ត្រីពីបឹងធម្មជាតិ ជាពិសេសក្នុងរដូវបិទនេសាទ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង