កំពង់ឆ្នាំង ៖ ត្រីចិញ្ចឹមតាមបែចំនួនរាប់រយតោននៅក្នុងខេត្តកំពង់ឆ្នាំង បានងាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៥ ខែមេសាឆ្នាំ២០២៣ នេះ ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីចិញ្ចឹមនៅក្នុងបែ ជាច្រើនប្រភេទដូចជា ត្រីខ្យា ត្រីឆ្តោ ត្រីសណ្តាយ ត្រីឆ្ពិន និងត្រីព្រលូង បានងាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ រហូតមកដល់នឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ មានចំនួន១៦០បែក្នុងនោះ ត្រីខ្សាងាប់ចំនួន៩០បែ ស្មើនឹង២៧០តោន ត្រីឆ្តោងាប់ចំនួន២៥បែ ស្មើនឹង២៥តោន ត្រីចម្រុះមានត្រីឆ្ពិន ព្រលូង សណ្តាយ និងត្រីប្រាងាប់ចំនួន៤៥បែ ស្មើនឹង៦៧តោន ។
លោក លី ឡា បានបញ្ជាក់ឲ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឲ្យត្រីងាប់ជាច្រើនតោននេះ គឺដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេ បង្ករឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីពុល ហើយងាប់ជាបន្តបន្ទាប់ ៕