កំពង់ឆ្នាំង ៖ សាលារៀនសុវណ្ណភូមិ បានចាប់ផ្តើមបើកដំណើរការនៅខេត្តកំពង់ឆ្នាំងហើយ។សម្រាប់សាខាថ្មីនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សាលាបានធ្វើយុទ្ធនាការចែកខិតប័ណ្ណផ្សព្វផ្សាយពីកម្មវិសិក្សា ឲ្យប្រជាពលរដ្ឋបានដឹងផងដែរ ។

លោក ឃឹម ផុន នាយកប្រតិបត្តិស្ថាប័នអប់រំ អិន ធី ស៊ីគ្រុប(NTC Group)បានឲ្យដឹងថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលសាធារណជនទូទៅស្គាល់ជា« សាលារៀនញូតុនធីឡាយ»ជាកំណរកំណើតដំបូង បានចាប់ពន្លកក្នុងវិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ជាសាលារៀនឯកជនដំបូងគេបង្អស់ក្នុងប្រទេស ចាប់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ក្រោមកិច្ចខិតខំប្រឹងប្រែង និងស្មារតីដឹកនាំប្រកបដោយមនសិការ ឆន្ទៈ និងគតិបណ្ឌិត របស់លោកឧកញ៉ាជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ។

លោក ឃឹម ផុន បន្តថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានចូលខ្លួនបម្រើសេវាកម្មអប់រំរយៈពេល២៦ឆ្នាំនិងសាលារៀនសុវណ្ណភូមិបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៩ ដែលគិតមកទល់បច្ចុប្បន្នមានរយៈពេល១៣ឆ្នាំហើយ ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងបានទទួលឲ្យសិស្សានុសិស្សទៅសិក្សាបន្តសម្រាប់ថ្នាក់ឧត្តមសិក្សាជាច្រើននាក់។

ឈរលើស្មារតីពង្រឹងវិស័យអប់រំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាលារៀនសុវណ្ណភូមិបានពង្រីកវិសាលភាពទីតាំងរបស់ខ្លួនរហូតទៅដល់ ៣៥ទីតាំងគិតត្រឹមចុងឆ្នាំ២០២២នេះ ដែលក្នុងនោះទីតាំងក្នុងរាជធានីភ្នំពេញមានចំនួន២១ទីតាំង និងតាមបណ្តាខេត្តមានចំនួន១៤ទីតាំង។

សាលារៀនសុវណ្ណភូមិបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ភាពក្រីក្រ ដោយបានឱកាសការងារជូនបុគ្គលិកអប់រំទាំងអស់ចំនួន៣០៧៣នាក់ និង មានចំនួនសិស្សានុសិស្សចូលរៀនចំនួន៤៩១៦៦នាក់។

លោក ឃឹម ផុន បានបញ្ជាក់ឲ្យដឹងទៀតថាដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតា អ្នកអណាព្យាបាលសិស្ស និងសិស្សានុសិស្ស ផងនោះ ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិនឹងពង្រីកវិសាលភាពរបស់ខ្លួនក្នុងឆ្នាំ២០២៣ ខាងមុខនេះ ចំនួន៥ទីតាំងធំៗ បន្ថែមទៀត។

សាលារៀនសុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃច័ន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២ និង ដំណើរការឲ្យសិស្សចូលរៀន នៅដើមខែមករា ឆ្នាំ២០២៣ តទៅ ។ ដើម្បីអបអរសាទរ នៃការបើកសាខាថ្មី នៅខេត្តកំពង់ឆ្នាំង សាលារៀនសុវណ្ណភូមិ នឹងមានការផ្តល់ជូនជាពិសេស គឺឲ្យសិស្សរៀនរយះពេល៦ខែដោយមិនមានការបង់ប្រាក់ឡើយ ៕


