ប្រជា​ពល​រដ្ឋ​២​គ្រួសារ​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ​ បាន​ទទួល​អំ​ណោយ​ពី​អនុ​សាខា​កាក​បា​ទ​ក្រហម​កម្ពុជា​ ស្រុក​សាម​គ្គី​មាន​ជ័យ​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ។ ទន្ទឹមគ្នានេះ លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ។

    អំណោយដែលអនុសាខានាំយកទៅជូន ក្នុង ១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, មីម៉ាម៉ា ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១), កន្ទេល ១, តង់ ១, ឆ្នាំងបាយ ១, ឆ្នាំងសម្ល ១, ចានបាយ ៥, ចានសម្ល ២, វែកបាយ ១, ស្លាបព្រា ១ឡូ, និងថវិកាចំនួន ១០០,០០០រៀល។

    គួរំលឹកថា នៅវេលាម៉ោង៣និង១៥នាទីរសៀលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ មានអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នង ដោយសារឆ្លងចរន្តអគ្គិសនី នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។

    ម្ចាស់ផ្ទះរងគ្រោះទាំងពីរគ្រួសារ ១-ឈ្មោះ ពេជ្រ ម៉េងលៀង អាយុ ២៦ឆ្នាំនិងប្រពន្ធឈ្មោះ មម ស្រីនិច អាយុ ២៤ឆ្នាំ ។ ២-ឈ្មោះ តឿង រ៉ានី អាយុ ២៨ឆ្នាំនិងប្រពន្ធឈ្មោះ លឹម ស្រីមុំ អាយុ ២៦ឆ្នាំ។ករណីអគ្គីភ័យនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ តែពុំទាន់ដោយសារតែផ្ទះនោះជញ្ជាំងស្លឹក​ឆាប​ឆេះលឿន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង