កំពង់ឆ្នាំង ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដមនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខាអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំនួន ១៨៣នាក់ ។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំ ក៏ដូចជាផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលមានករណីសត្វអាសិរ្ពិសចឹក ឬខាំសូមបញ្ជូន អ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងការព្យាបាលតាមបែបបុរាណ បន្ថែមលើនេះ ឯកឧត្ដមប្រធាន ក៏បានអប់រំ ផ្សព្វផ្សាយ ណែនាំអំពីវិធានការការពារ សម្អាតអនាម័យក្នុងការការពារខ្លួនពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ និងជំងឺគ្រុនឈាម ដែលកំពុងតែរីករាលដាលក្នុងពេលបច្ចុប្បន្នផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលអ្នកជំងឺទទួលបាននោះ គឺក្នុងម្នាក់ រួមមាន អង្ករ ៣០គីឡូក្រាម, មី ១ កេស, ត្រី ខ ១០កំប៉ុង, ឃីត ១កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងថវិកាមួយចំនួន ។ជាមួយគ្នានោះ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា ក៏បានឧបត្ថម្ភ ដល់បុគ្គលិកមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំនួន៣៣នាក់នូវថវិកាមួយចំនួនផងដែរ ៕


