កំពង់ឆ្នាំង ៖លោក ហុីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំងកម្លាំង ចុះអនុវិធានការរដ្ឋបាល ចំពោះក្រុមអាជីវករដែលរឹងរុស នៅតែបន្តលក់ដូរ នៅលើចិញ្ចើមផ្លូវសាធារណៈ ។ ការចុះអនុវត្តវិធានការរដ្ឋបាល ចំពោះក្រុមអាជីវករទាំងនោះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីអាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើការអប់រំដល់ពួកគាត់ជាច្រើនលើក តែពួកគាត់មិនចូលអនុវត្ត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានប្រកាសទុកពេលត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ជាកំហិត ឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវក្រាលកៅស៊ូ ក្នុងក្រុងដែលបានសាងសង់ សំយ៉ាប និងដាក់ស្លាកយីហោ ឬតាំងលក់ទំនិញផ្សេងៗ នៅលើការ៉ូឡា ឫដីចំណីផ្លូវទាំងអស់ត្រូវកាត់ និងរុះរើចេញឲ្យអស់។
រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា អាជ្ញាធរត្រូវរៀបចំសោភណ្ឌភាពទូទាំងក្រុង ឲ្យមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ជាទីក្រុងប្រកបដោយសោ ភណ្ឌភាពនិងមានអនាម័យ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខនេះ ។
រដ្ឋបាលក្រុងកំពង់ឆ្នាំង សង្កត់ធ្ងន់ថា នៅតាមមុខផ្ទះ ចាប់ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់អាហារដ្ឋានមិត្តភាព(វិមានឯករាជ្យ) ត្រូវដកគម្លាតពីចិញ្ចើមផ្លូវ( ទុកសម្រាប់ថ្មើរជើង ប្រវែង៣ម៉ែត្រ ហើយផុតពីនោះក៏មិនត្រូវធ្វើ ការសង់សំយ៉ាប ឬ ប្រក់បិទបាំងដែលនាំឲ្យបាត់បង់សោភណ្ឌភាពនោះឡើយ ៕