កម្លាំង​សមត្ថ​កិច្ច​ទាំង​កម្ពុជា​-ថៃ​ ផ្អាក​រុក​រក​ជន​រង​គ្រោះ​ ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​កា​ស៊ី​ណូ​បារម្ភ​ខ្លាច​អគារ​បាក់​រលំ​​ ប្រតិ​បត្តិ​ការ​នឹង​បន្ដ​នៅ​ព្រឹក​ស្អែក​

  • បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ទាំងកម្លាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានសម្រេចផ្អាកសកម្មភាពរុករកសាកសព ជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះ​កាស៉ីណូជាបណ្ដោះអាសន្នសិន ដោយបារម្ភខ្លាចអគារបាក់រលំ និងម្យ៉ាងទៀតស្ថានភាពងងឹតក្នុង ពិបាកក្នុងស្រាវជ្រាវរកអ្នករងគ្រោះ ។

    របាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។

    របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួន​ពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។

    សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។

    អគារកាស៊ីណូខាងលើ មានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

    សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
    ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង