កំពង់ឆ្នាំង ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលវិល បានមានប្រសាសន៍ ថាវេទិកាសម្ព័ន្ធសង្គមស៊ីវិល នឹងបន្តចូលរួមចំណែកកសាងសុខដុមនីយកម្មសង្គម និងពង្រឹងតួនាទីអង្គការសង្គមស៊ីវិល ដើម្បីចូលតួមកាន់តែសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសទទូលស្គាល់សមាជិកដៃគូសហប្រតិបត្តិការ របស់វេទិកាសម្ព័ន្ធ សង្គមស៊ីវិល ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២. ។
ឯកឧត្តម បានមានប្រសាសន៍ បន្តទៀតថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលហៅកាត់ថា ( វ ស ស ) នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តលើកកម្ពស់សមត្ថភាព និងការចូលរួមរបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល មិនមែនបញ្ញត្តិករគ្រប់គ្រងអង្គការសង្គមស៊ីវិលនៅកម្ពុជានោះ ឡើយ ។ ជាស្ថាប័នដែលត្រូវបានរាជរដ្ឋាភិបាល ប្រគល់តួនាទីឲ្យ សម្របសម្រួលការងារ រវាងរាជរដ្ឋាភិបាលនិង អង្គការ សង្គមស៊ីវិល ដើម្បីសម្រេចឲ្យបាននូវសុខដុមនីយកម្ម សង្គមស៊ីវិលនៅកម្ពុជា. ៕