កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សង្កាត់រដ្ឋបាលជលផលចុងកោះ បានចុះល្បាត និង បង្រ្កាបបទល្មើសជលផល នៅចំណុចបឹងធំ ចំណុចកំពង់តាត្អួ និងទួលក្របៅ ក្នុងភូមិសាស្រ្ត ស្រុកជលគីរី និងក្រុងឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន១២នាក់ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់និងនេសាទខេត្ត បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានធ្វើការបង្ក្រាប រុះរើបំផ្លាញចោលមាន របាំងសាច់អួនចំនួន២កន្លែង ប្រវែង៣០០ម៉ែត្រ លូសាច់អួនចំនួន ៤មាត់,របាំង ស្បៃមុងចំនួន ៩កន្លែងប្រវែង៤១០ម៉ែត្រ លូស្បៃមុង ចំនួន១០មាត់,បង្គោលចំនួន២៤០ដើម និង ចាក់លែងកូនត្រីចម្រុះ ចំនួន៦០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕

