កំពង់ឆ្នាំង ៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាក្រសួងរៀបចំដែនដី នគររូបណីយកម្មនិងសំណង់ បានជម្រុញដល់យមន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរ អង្គភាពនិង មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យបានល្អ ជាមួយមន្ត្រីជំនាញ ដើម្បីពន្លឿនក្នុងការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋឲ្យអស់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តម រដ្ឋលេខាធិការ បានធ្វើការជម្រុញដល់មន្ត្រីនៅតាមមន្ទីរ អង្គភាព និងមន្ត្រីអាជ្ញាធរ នៅក្នុងខេត្តកំពង់ឆ្នាំងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនិងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់មន្ត្រីនៅតាមមន្ទីរ អង្គភាពរដ្ឋនិងមន្ត្រីអាជ្ញាធរក្រុង ស្រុកឃុំ សង្កាត់ ត្រូវត្រៀមលក្ខណៈ និង ឯកសារឲ្យបានគ្រប់គ្រាន់ ដូចជាប្រវត្តិដី ទំហំដី ចំនួនក្បាលដី ប្រភេទដី និង ព្រំដី ឲ្យបានច្បាស់លាស់ងាយស្រួលក្នុងការវាស់វែងចុះបញ្ជីដីរដ្ឋ ។ ជាមួយគ្នានេះឯកឧត្តម ក៏បានជម្រុញដល់មន្ត្រីក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និង ឆាប់រហ័ស ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ បញ្ជាក់បន្ថែមទៀត ទៅកាន់មន្ត្រីដែលតំណាងឲ្យមន្ទីរ អង្គភាព និង អាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយះការចុះបញ្ជីដី រដ្ឋឲ្យបានត្រឹមត្រូវស្របតាមបែបបទ នៃបញ្ជីសារពើភណ្ឌ និង ការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមានប្រសិទ្ធិភាព ៕