សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ អញ្ជើញ​ចុះ​ត្រួត​​ពិ​និត្យ​ការ​រៀប​ចំ​ទី​តាំង​ ប្រារព្ធ​ព្រះ​រាជ​ពិធី​រុក្ខ​ទិវា​ ៩​កក្កដា​ នៅ​ស្រុក​សាម​គ្គី​មាន​ជ័យ​​

  • កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងត្រៀមរៀបចំព្រះរាជពិធី “រុក្ខទិវា ៩ កក្កដា” នៅស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

    អញ្ជើញអមដំណើរសម្តេច ចៅហ្វាវាំង គង់ សំអុល នាឱកាសនោះមាន ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ. ។

    សូមបញ្ជាក់ថា ថ្ងៃទី៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក ដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តែងតែប្រារព្វពិធីរុក្ខទិវាជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

    សម្រាប់ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនឹងប្រារព្វធ្វើ នៅលើផ្ទៃដីចំនួន ១០ហិកតា នៅក្នុងភូមិអូរកា​ខុប​ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កូនឈើដែលត្រូវដាំក្នុងចំការរុក្ខទិឆ្នាំនេះមានចំនួន ១៣ ៥០០ដើម ក្នុងនោះមានកូនឈើធ្នុង ក្រញូង ច្រេស ស្តៅ គីនីន និងកូនដើមប្រេងខ្យល់ផងដែរ ។ លោកបញ្ជាក់ថា មកដល់នឹងពេលនេះ ការរៀបចំសម្រេចរួចរាល់ជាស្ថាពរហើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង