កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានព្រមានឲ្យចាត់វិធានការ តាមផ្លូវច្បាប់លើជនល្មើស កាប់បំផ្លាញព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ដើម្បីថែរក្សា ការពារ ព្រៃលិចទឹកឲ្យបានគង់វង្ស និង ត្រូវទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ ព្រមានបែបនេះនេះ នៅក្នុងឧិកាសដែល ឯកឧត្តម អញ្ជើញចូលរួម ក្នុងពិធីលែងកូនត្រីជាង៦ចំនួនម៉ឺន
ក្បាល នៅអាងទឹកឈ្វាំងសែនជ័យ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តភាព ធនធានជលផល មន្ត្រីជំនាញ និង អាជ្ញាធរ ត្រូវសហ
ការគ្នា ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តិនានា ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បានយល់កាន់តែច្បាស់បន្ថែមទៀត និង
ត្រូវបំផុសការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញនិងសហគមន៍នេសាទ ឲ្យបានរឹងមាំ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា ការប្រារព្វធ្វើពិធីលែងកូនត្រីនាពេលនេះ គឺជាការបំផុសស្មារតីមហាជន ឲ្យចូលរួមថែរក្សា ការពារ និង អភិរក្ស ធនធានជលផល កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់បង្កើនផលត្រី នៅក្នុងដែនទឹកធម្មជាតិ ៕

