កំពង់ឆ្នាំង៖ របាំងសាច់អួន៩កន្លែង និង របាំងស្បៃមុង៤កន្លែង ដែលជនល្មើសដាក់ស្ទាក់ចាប់ត្រីនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកបរិបូរណ៍ ស្រុកកំពង់លែង និង ស្រុករលាប្អៀរ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប និង ធ្វើការរុះរើបំផ្លាញចោល នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា របាំងសាច់អួន៩កន្លែង ដែលត្រូវរុះរើបំផ្លាញចោលនេះ មានប្រវែង៤៦០ម៉ែត្រ និង លូសាច់អួន៩មាត់ ។ ដោយឡែករបាំងស្បៃមុង៤កន្លែង ប្រវែង១៣០ម៉ែត្រ លូស្បៃមុង៤មាត់ បង្គោលចំនួន៣២០ដើម និង ចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន២៥គីឡូក្រាម។

លោក លី ឡា បានឲ្យដឹងទៀតថា បទល្មើសនេសាទនៅក្នុងរដូវនេះ ភាគច្រើនមាន របាំងសាច់អួននិង របាំងស្បៃមុង ។ ប៉ុន្តែបច្ចុប្បន្នមានការថយចុះ
ជាងពេលមុន ដោយសារកម្លាំងជំនាញជលផល បានសហការជាមួយអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ចនិង សហគមនេសាទចុះបង្ក្រាប ជាបន្តបន្ទាប់ ៕


