ឯកឧត្តម ថោង ខុន ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ត្រូវ​អនុវត្តន៍វិធាន​សុវត្ថិភាពនិង​នីតិវិធីប្រតិបត្តិស្តង់ដា ដើម្បីទប់ស្កាត់កូវីដ-១៩

  • ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ខាងមុខ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើគ្រប់ប្រតិបត្តិករទេសចរណ៍ ត្រូវ​​​​​​បន្តយកចិត្តទុកដាក់ លើការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដែលបានដាក់ចេញដោយក្រសួង​​ទេសចរណ៍ និងវិធានសុវត្ថិភាពនានារបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និង​​ធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ។

    ការស្នើឯកឧត្តម រដ្ឋមន្ត្រីដូចនេះបានធ្វើឡើងក្នុងពិធីបើកជាផ្លូវការពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។

    ​​ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើដល់ គ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មីដើម្បីសម្រប​ទៅ តាម​ស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះត្រូវការបំប្លែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជា​ ជំនួយ ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាពក្នុងការផ្តល់សេវាកម្ម និងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និង គុណភាព ពិសេសការបង្កើនផលិតភាពជាដើម។

    ​​ទន្ទឹមគ្នានេះ ឯកឧត្ដម ក៏បានអំពាវនាវ និងក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្ត​​នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត ​​និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និង​​ផ្តល់ភាពកក់ក្តៅ»។

    ​​​គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ​ខែមេសា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានវិស័យឯកជន សហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួង​ទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកស្ទួយ វប្បធម៌ និងប្រពៃណីជាតិ លើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការចូលរួមក្នុងវិស័យ​កីឡា ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង