កំពង់ឆ្នាំង៖ ឥទ្ធិពលខ្យល់កន្រ្តាក់ និង ភ្លៀងមួយមេធំ បង្ករឲ្យផ្ទះរបស់ប្រជាពលរដ្ឋ៤ខ្នងបានបាក់រាបដល់ដី និង ៣ខ្នងផ្សេងទៀតរងការខូចខាត ដោយប៉ើងរបើកដំបូល និង ជញ្ជាំង ។

គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោងជិត១៧ល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ភ្លៀងនិងខ្យល់កន្រ្តាក់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យ ផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នងបានរលំបាក់ជាបន្តបន្ទាប់ និង ផ្ទះចំនួន៣ខ្នងទៀត រងផលប៉ះពាល់ដោយរបើកជញ្ជាំងនិងប៉ើងដំបូល ។

លោកមេឃុំបានឲ្យដឹងថា គ្រោះធម្មជាតិនេះ មិនបង្ករគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះឡើយ តែបង្ករឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន ៕