កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច ឲ្យបង្កើនការយកចិត្តដាក់ ក្នុងការគ្រប់គ្រង ថែរក្សា ទប់ស្កាត់បទល្មើសព្រៃឈើ និង បទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាព ។ ចំពោះជនប្រព្រឹត្តល្មើសត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះឡើយ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ ណែនាំដល់មន្ត្រីបែបនេះ នៅក្នុងឳកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និ
បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង លើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២ នារសៀលថ្ងៃទី៩ ខែមិនា ។

ឯកឧត្តម បណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា រដ្ឋបាលខេត្តត្រូវសម្របសម្រួល ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជម្រុញដោះស្រាយបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ។ជាមួយគ្នានេះត្រូវបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ពង្រឹងវិធានការរដ្ឋបាល ច្បាប់ ដើម្បីការពារទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និង បទល្មើសផ្សេងៗទៀត៕


