អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ អះអាង​ថា​ពលរដ្ឋ​បាន​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ​ ជាង​៣ម៉ឺន​ហិចតា​

  • កំពង់ឆ្នាំង ៖ហូតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង៧ពាន់នាក់ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនទន្ទ្រានយកដោយខុសច្បាប់ ជូនរាជរដ្ឋាភិបាលវិញដោយស្ម័គ្រចិត្ត ក្នុងទំហំសរុបជាង៣ម៉ឺនហិចតា។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងសន្និសិទសារព័ត៌មាន ស្តីពីវឌ្ឍន:ភាពមូលដ្ឋានឃុំ សង្កាត់ និង ទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

    ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៧ពាន់នាក់នេះ បានប្រគល់ដីជូនរាជរដ្ឋាភិបាលវិញ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដោយស្ម័គ្រចិត្ត និង គ្មានការប៉ះទង្កិចគ្នា ដោយអំពើហិង្សាបន្ដិចនោះឡើយ ។ គោលបំណងនៃការដកហូតដីព្រៃលិចទឹក ត្រឡប់មកវិញនេះ គឺដើម្បីស្ដារឡើងវិញនូវធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។

    ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងបែបនេះថា «ប្រជាពលរដ្ឋដែលបានចូលមកស្វ័យប្រកាសដោយស្ម័គ្រចិត្ត មកដល់ម៉ោងនេះមាន ៧៥៣១នាក់ គិតជាផ្ទៃដី ស្មើនឹង៣០៥៨៩ហិចតា»។

    ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បន្ថែមទៀតថា បឹងទន្លេសាប មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ខេត្តកំពង់ឆ្នាំង ឬក៏ខេត្តនៅជុំវិញនោះទេ ពោលបឹងទន្លេសាបនេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូច្នេះប្រសិនបើបន្ដទុកឲ្យមានការបំផ្លិចបំផ្លាញពីជនមានអំណាចមួយក្ដាប់តូចនោះ នឹងបំផ្លាញនូវអ្វីដែលជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសជម្រកមច្ឆាជាតិគ្រប់ប្រភេទដែលរស់នៅក្នុងបឹងទន្លេសាប។

    បើតាមឯកឧត្តម អភិបាលខេត្ត បន្ទាប់ពីទទួលបានដី ដែលជាការប្រគល់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋវិញហើយនោះ អាជ្ញាធរក៏កំពុងតែដំណើរការវាស់វែង និងកំណត់ព្រំនៅតំបន់២ តំបន់៣ ឲ្យច្បាស់លាស់បន្ថែមទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ។ ដែលបច្ចុប្បន្នមន្ដ្រីជំនាញកំពុងតែធ្វើការវាស់វែងព្រំ ប៉ុន្ដែមិនទាន់បានទាំងស្រុងនៅឡើយទេ ដោយសារទឹកមិនទាន់ស្រកអស់។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងទៀតថា ក្រៅពីកំពុងដំណើរការវាស់វែងកំណត់ព្រំ អាជ្ញាធរក៏បានដាំដើមឈើឡើងវិញមួយចំនួនផងដែរ ក្នុងនោះដាំកូនត្នោតបានប្រមាណជាង៨ម៉ឺនគ្រាប់ ដែលជាការឧបត្ថម្ភមួយផ្នែកធំ របស់ឧបនាយករដ្ឋមន្ដ្រីជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ការដាំដើមឈើឡើងវិញនេះ គឺមានការដាំជាជួរត្រឹមត្រូវ សំដៅទាក់ទាញមួយផ្នែក នៃវិស័យទេសចរណ៍ផងដែរ។ ហើយប្រជាពលរដ្ឋដែលធ្លាប់តែអាស្រ័យផលលើដំណាំស្រូវ លើដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់នោះ ក៏អាចបង្វែរមកទទួលផលប្រយោជន៍ពីការលក់ដូរត្រី នៅតំបន់បឹងទន្លេសាប និង វិស័យទេសចរណ៍ថែមទៀត ។

    ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការដកហូតព្រៃលិចទឹក ពីការកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញនេះ កម្លាំងសមត្ថកិច្ចក៏បានរុះរើស ខ្ទប់ចាំដីខុសច្បាប់ ចំនួន៥៥កន្លែង និង ដកបង្គោលព្រំដី ចំនួន២០៣បង្គោលផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង