កំពង់ឆ្នាំង ៖ ក្រៅពីមុខរបរធ្វើស្រែ ចិញ្ចឹមសត្វ និង ដាំដំណាំរួមផ្សំ ប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ និងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅមានមុខរបរសំខាន់មួយទៀត គឺមុខរបរស្មូនឆ្នាំង និង ផលិតផលធ្វើពីដីដុត ដែលជាប្រភពចំណូលមួយផ្នែកទៀត សម្រាប់ផ្គត់ផ្គងយសេដ្ឋកិច្ចគ្រួសារ ។ ប៉ុន្តែនៅពេលនេះផលិតផលក្អម ឆ្នាំង និង វត្ថុអនុស្សាវរីយ៍ធ្វើពីដីដុតរបស់ពួកគាត់លក់មិនដាច់ដូចពេលមុនទៀតឡើយ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីមុនផលិតផលប្រើប្រាស់មានក្អម ឆ្នាំង ចង្ក្រាននិង វត្ថុអនុស្សាវរីយ៍ ធ្វើពីដីដុតផ្សេងទៀតលក់ដាច់ច្រើន មានម៉ូយគេចុះមកប្រមូលទិញដល់ភូមិតែម្តង ពេលខ្លះធ្វើមិនទាន់ឲ្យគេទៀតផង ។ ប៉ុន្តែចាប់តាំងពី មានការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ មក ផលិតផលរបស់ពួកគាត់លក់មិនដាច់ដូចមុនទៀតឡើយ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បច្ចុប្បន្នលក់ដាច់បានខ្លះតែរបស់ប្រើប្រាស់ដូចជាក្អម ឆ្នាំង និង ចង្ក្រាន តែមិនច្រើនដូចពេលមុនឡើយ ។ ហើយសម្រាប់វត្ថុអនុស្សាវរីយ៍វិញ លក់ស្ទើរតែមិនដាច់សោះតែម្តង ។ ឥឡូវនេះពួកគាត់ផលិតតែរបស់ប្រើប្រាស់ តិចតួចសម្រាប់ឲ្យម៉ូយ ដែលគេកម្ម៉ង់ប៉ុណ្ណោះ ។

អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់នឹងជើងភ្នំក្រាំងដីមាស ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ចាប់តាំងតែពីមានការឆ្លងរាលដាល នៃជំងឺកូវិដ១៩ មក មុខរបរ របស់គាត់មានការថយចុះខ្លាំង លក់មិនដាច់ដូចពេលមុនទៀតឡើយ ដោយមិនមានអ្នកទេសចរណ៍ដើរលេងហើយ អ្នកដំណើរឆ្លងកាត់ ក៏មិនច្រើនដូចពេលមុនដែរ ។ ពួកគាត់បានបញ្ជាក់ថា ក្នុងពេលនេះពួកគាត់ជួបការលំបាកលើផ្នែកជីវភាពដោយសារតែការបាត់ចំណូលប្រចាំថ្ងៃពីមុខរបរមួយនេះ ៕











