ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ផ្កាប់មុខក្នុងផើងទឹក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៦ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ ធុន សាម៉ន អាយុ ៤៨ឆ្នាំ មានប្តីឈ្មោះសិន រ៉េត អាយុ៦៩ឆ្នាំ ។ កាលពីយប់ថ្ងៃទី៧ ខែមេសា ស្ត្រីរងគ្រោះដេកនៅខាងមុខផ្ទះ ចំណែកប្ដីដេកនៅខាងក្រោយផ្ទះ ។ លុះព្រឹកឡើងថ្ងៃទី៨ ខែមេសា ប្ដីបើកទ្វារផ្ទះរកប្រពន្ធមិនឃើញ ពេលងាកទៅខាងលិចផ្ទះក៏បានឃើញប្រពន្ធដេកស្លាប់ផ្កាប់មុខក្នុងផើងផ្កាបាត់ទៅហើយ។បន្ទាប់មកប្តីក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះមកពិនិត្យមើល ។

សមត្ថកិច្ចក៏បានចុះធ្វើ បានសន្និដ្ឋានថា ស្រ្តីខាងលើប្រហែលជាខ្យល់គរដួលក្នុងផើងមានទឹក ទើបបណ្តាលឱ្យស្លាប់។ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា ស្រ្តីខាងលើជាមនុស្សចូលចិត្តផឹកស្រា រាល់ថ្ងៃ ហើយការស្លាប់របស់ជនរងគ្រោះសង្ស័យស្រវឹងខ្លាំង ហើយដើរដួលផ្កាប់មុខចូលក្នុងផើងទឹកអត់មានអ្នកដឹង បណ្ដាល ឲ្យឈ្លក់ទឹកស្លាប់បែបនេះតែម្តង។
សពស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕










