កំពង់ឆ្នាំង ៖ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ២ ៧៦៣កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ។

ឯកឧត្តម បានគូសបញ្ជាក់ថា មានការងារជិត ៣ពាន់កន្លែងនៅក្នុងមូលដ្ឋានផ្ទាល់ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានបន្តថា ដើម្បីអនុវត្តតាមគោលនយោបាយអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ក្រសួងបានផ្តល់ជូនការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡន ។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។

ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ ប្រសិនបើបងប្អូនចង់ទៅធ្វើពលករនៅក្រៅប្រទេស គឺត្រូវស្វែងរកការងារធ្វើតាមក្រុមហ៊ុននាំពលករដោយស្របច្បាប់។ ឯកឧត្តម បានពន្យល់បន្ថែម អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណ ប.ស.ស. និងលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ និងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយរោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ អេប៊ល ថប ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន រីណេត (ខេមបូឌា) អេចអ ឯ.ក៕ ប្រភព ៖ក្រសួងការងារ



















