កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ និងអមដំណើរដោយរដ្ឋបាលភូមិ-ឃុំតាជេស កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា មានជំងឺនិងមានពិការភាព ចំនួន ៣គ្រួសារ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជួយឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បាននាំយកវត្ថុកំដរដៃ ជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់គ្រួសារនីមួយៗ ព្រមទាំងបានឱ្យក្រុមការងារជួយសម្របសម្រួលកូនស្រីគ្រួសារខ្វះខាត ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស B ដើម្បីផ្ដល់ជូននូវអាហារូបករណ៍ សម្រាប់បន្តការសិក្សាថ្នាក់សាកលវិទ្យាល័យផងដែរ។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បន្តអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព និងការពារកុមារតូចៗពីគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនេះផងដែរ៕















