កំពង់ឆ្នាំង ៖ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រាប់សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីជំនាញជលផល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ។ជាពិសេសត្រូវរួមគ្នាអនុវត្តតាមបទបញ្ជា និងសេចក្តីជូនដំណឹងស្តីពីរដូវបិទ និងបើកនេសាទ ឱ្យបានម៉ឺងមាត់បំផុត ដើម្បីធានាបាននូវការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ ។

ឯកឧត្តម ហាស់ សារ៉េត បានប្រាប់ទៅសហគមន៍នេសាទ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងបែបនេះ នៅក្នុងខណៈពេលដែលឯកឧត្តម អញ្ជើញចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ នៅក្នុងឃុំប្រឡាយមាស និងឃុំផ្លូវទូក ស្រុកកំពង់លែង ។

ឯកឧត្តម បានគូសបញ្ជាក់ពីសារៈសំខាន់នៃច្បាប់ស្តីពីជលផល ដែលជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការគ្រប់គ្រង និងប្រមូលផលជលផលប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជានេសាទ និងសហគមន៍ទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដោយត្រូវប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីទឹក។

ឯកឧត្តម រដ្ឋលេខាធិការល្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងការថែរក្សា និងស្តារធនធានមច្ឆជាតិ ឱ្យកាន់តែសំបូរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ការទ្រទ្រង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ អត្ថបទ ហឹង ចូច












