កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលជាច្រើនរូប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បាននាំយកអំណោយ រួមមានសម្ភារប្រើប្រាស់ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងការសោកស្ដារ ចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
អំណោយដែលឯកឧត្តមបណ្ឌិតសភាចារ្យផ្តល់ជូនគ្រួសាររងគ្រោះនោះ រួមមាន ក្នុងមួយគ្រួសារមាន អង្ករ ៥០គីឡូក្រាម មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា១០ម៉ឺនរៀល។
គួរបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ២០ នាទី មានករណីអគ្គីភ័យ បានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ ដោយសារការថ្វេសប្រហែសក្នុងការឆ្អើរត្រី ។











