កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបង្ហាញ ការយកចិត្តទុកដាក់ខ្ពស់ចំពោះគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាការតភ្ជាប់ដ៏សំខាន់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពជុំវិញខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និង ផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

មានប្រសាសន៍ដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ ឆ្នាំង និងខេត្តកំពង់ធំ។គម្រោងផ្លូវមួយខ្សែនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការសាងសង់ក្នុងពេល សម្តេច នៅកាន់តួនាទីជានាយករដ្ឋមន្ត្រី។ មកដល់ពេលនេះគម្រោងមួយនេះ មិនទាន់បានដំណើរការនៅឡើយទេ។

ពីលើទឹកដីខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គម្រោងសាង សង់ផ្លូវ និងស្ពាននេះ។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលជួបជាមួយនឹងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា សម្តេចក៏បានស្នើទៅរដ្ឋាភិបាលចិនតាមរយៈលោកឯកអគ្គរដ្ឋទូតឱ្យពិចារណា ផ្តល់កម្ចីសាងសង់ផ្លូវ និងស្ពាននេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ ផ្លូវជាតិលេខ៥០សេ និងស្ពានដែលមានប្រវែង សរុបជិត ៦០គីឡូម៉ែត្រនេះ ត្រូវបានសិក្សារួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពាន ដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាត់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយ នឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។
បច្ចុប្បន្ននេះ បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូ ប៊ល គ្រីន បានសាងសង់ផ្លូវដី ពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើ ចរាចរណ៍ បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុង ខែវស្សាដូចឆ្នាំមុនៗ ទៀត ហើយ៕










