កំពង់ឆ្នាំង ៖ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ឲ្យសិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត ។

លោក ជំទាវ រដ្ឋលេខាធិការ បានអំពាវនាវ ទៅកាន់សិស្សានុសិស្សបែបនេះ ក្នុងឳកាសដែលលោក ជំទាវ អញ្ជើញចុះទៅផ្សព្វផ្សាយច្បាប់ និងសុវត្តិភាពចរាចរណ៍ ដល់សិស្សានុសិស្ស នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ ។

លោក ជំទាវ មិន មាណវី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ ។ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ យ៉ាងច្រើនផងដែរក្នុងមួយឆ្នាំៗ ហើយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់នយោបាយ កាត់បន្ថយភាពក្រីក្រ របសរាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ដូចនេះសូមក្មួយៗទាំងអស់ត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

លោកជំទាវ មិន មាណវី បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅនេះទាំងមន្ត្រីជំនាញ ទាំងមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ក្នុងការចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋយើង ដើម្បីបានយល់កាន់តែច្បាស់ និងចូលរួមអនុវត្តទាំងអស់គ្នា ។ ជាពិសេសក្មួយៗសិស្សានុសិស្ស ម៉ូតូត្រូវមានកញ្ចក់មើលក្រោយ ពេលធ្វើដំណើរត្រូវពាក់មួកសុវត្តិភាពឲ្យបានត្រឹមត្រូវ ការបើកបរ ត្រូវចេះយោគយល់អាធ្យាស្រ័យឲ្យគ្នទៅវិញទៅមកនិងមិនត្រូវបើកវ៉ាជែងឡើយ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ ៕











