មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ចុះ​មក​ធ្វើ​ប្រហុក​ ផ្អក​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ក្នុង​​ខណៈ​ពេល​ដែល​ត្រី​ត្រូវ​ច្រើន​

  • កំពង់ឆ្នាំង ៖ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាធ្វើដំណើរតាមរថយន្តនិងគោយន្តកែឆ្នៃចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមដែននេសាទនានា ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមទុកសម្រាប់បរិភោគប្រចាំឆ្នាំ ។

    ប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក ទាំងនោះ មានមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងមួយចំនួនទៀត ជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននាសាទ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជំនាញបានសហការជាមួយអាជ្ញាធរ រៀនចំទីតាំងចំនួន៤កន្លែងសម្រាប់បង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចុះមកធ្វើប្រហុក ផ្អក គឺនៅឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៍ នៅចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង នៅកំពង់ប្រាសាទ ក្នុងស្រុករលាប្អៀរ និងនៅតាជេស ក្នុងស្រុកំពង់ត្រឡាច ។

    លោក លី ឡា បានឲ្យដឹងទៀតថា តម្លៃត្រីប្រហុកឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺចន្លោះពី១ ០០០ រៀល ទៅ១ ៥០០ រៀល ក្នុង១គីឡូក្រាម ។ ហើយនៅក្នុងខ្នើតខែមិគសិរ ( ខែធ្នូ ) ដែលជាខ្នើតទី១ ក្នុងរដូវត្រីប្រហុក ខេត្តកំពង់ឆ្នាំង ចាប់ត្រីបាន ៥ ៥៥០តោន និងនៅក្នុងខ្នើត ខែបុស្សនេះ ( ខែមករា ) ដែលជាខ្នើតទី២ ប្រជានេសាទអាចចាប់ត្រីបានដល់ទៅ៨ ០០០តោន ពីព្រោះនៅខ្នើតខែមិគសិរនេះ ត្រីត្រូវច្រើនជាងខ្នើតខែមិគសិរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង