កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ នៅគ្រប់មូលដ្ឋានទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើង ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈ និងសុវត្តិភាពសង្គមឲ្យបានល្អប្រសើរ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ណែនាំដល់មន្ត្រីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកទីចាត់ការ និងប្រធានអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីមន្ត្រីយកទៅអនុវត្តដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ព្រមទាំងជម្រុញការដោះស្រាយជម្លោះដីធ្លី និងទំនាស់ក្រៅប្រព័ន្ធតុលាការ និងពន្លឿនការចេញបណ្ឌកម្មសិទ្ធ ( វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ) ជូនប្រជាពលរដ្ឋ ៕











