រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ប្រកាស​ប្រែ​ក្លាយ​ AKP​ ឱ្យ​ទៅ​ជា​ទី​ភ្នាក់​ងារ​ជាតិ​មួយ​ឈាន​មុខ​ និង​ជា​សំឡេង​រ​បស់​រាជ​រដ្ឋាភិបាល​

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសពីការប្រែក្លាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យទៅជាទីភ្នាក់ងារជាតិឈានមុខ និងជាសំឡេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈ ឯកឧត្ដម ជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ នេះគឺជាការប្រកាសរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុង កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្រ្តីរាជការអគ្គនាយកដ្ឋានទី ភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។

    ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្នុងអាណត្ដិទី៧នេះ ត្រូវធ្វើយ៉ាងណាឱ្យ AKP ដើរមុខគេលើប្រព័ន្ធផ្សព្វផ្សាយឯកជន ផ្សេងៗ នាពេលបច្ចុប្បន្ន។ ឯកឧត្ដមបានអះអាងថា ដើម្បីឱ្យទីភ្នាក់ងារជាតិនេះ ឈានមុខគេក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ លុះត្រាតែត្រូវ គិតគូរឡើងវិញលើការងារសរសេរព័ត៌មានឱ្យមានគុណភាព និងមានល្បឿនលឿនជាងនេះ។

    ឯកឧត្តម រដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ត្រូវខិតខំធ្វើយ៉ាងណាឱ្យទីភ្នាក់ងារជាតិមួយនេះ ក្លាយជា ទីភ្នាក់ងារមួយ ដែលប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗយកធ្វើជាប្រភពក្នុង ការផ្សព្វផ្សាយ ទៅ កាន់សាធារណជន។ «ការកសាងឱ្យមានទំនុកចិត្តគឺជា កិច្ចការសំខាន់ដែលទីភ្នាក់ងារជាតិមួយនេះត្រូវគិតគូរឡើងវិញ ដើម្បីទទួលបានប្រភពព័ត៌មានច្រើនពីសំណាក់ ស្ថាប័ន ពាក់ព័ន្ធ ដើម្បីឱ្យទីភ្នាក់ងារជាតិមួយនេះឈានមុខគេលើសមរភូមិ ផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ និងទទួលបានប្រភពព័ត៌មានច្រើនយកទៅផ្សព្វផ្សាយ»។ នេះគឺជាការគូស បញ្ជាក់បន្ថែម របស់ឯកឧត្ដ នេត្រ ភក្ដ្រា។

    បើតាមឯកឧត្តមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថាដើម្បីកសាងនូវទំនុកចិត្តនេះ គឺវាទាមទារ ធ្វើយ៉ាងណាពង្រឹងឱ្យបាននូវគុណភាពព័ត៌មាន ល្បឿនព័ត៌មាន និងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង