កំពង់ឆ្នាំង ៖សាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី សាលាមេត្រីបរិស្ថានលើកទី៤ ពានរង្វាន់មាស ។ ពិធីប្រគល់ពាន និងបណ្ណជ័យលាភី ធ្វើឡើងនាព្រឹកថ្ថៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

នៅក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស ដែលបានចូលរួមជាមួយក្រសួងបរិស្ថានយ៉ាងសកម្មចំពោះកិច្ចការងារបរិស្ថាន។ ឯកឧត្តមចាត់ទុកថា នេះជាការចូលរួមយ៉ាងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំមួយជំហានពិតប្រាដក ហើយច្បាស់លាស់។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា សាលារៀនគឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប ។ ឯកឧត្តមរដ្ឋមន្ត្រីចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជាជនដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ ។

គួរបញ្ជាក់ឱ្យដឹងថា សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន សម្រាប់កម្រិតបឋមសិក្សា៖ ទី១,សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី ពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២ ,សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានជ័យបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន៣លានរៀល និងទី៣,សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល។

សម្រាប់កម្រិតមធ្យមសិក្សា ទី១,វិទ្យាល័យសម្តេចជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២,វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និងទី៣,អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល ៕











