កំពង់ឆ្នាំង ៖ បទល្មើសនេសាទ របាំងស្បៃមុងចំនួន៦កន្លែងនិងរបាំងសាច់អួន៤កន្លែង ដែលជនខិលខូចលួចធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រី នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងចម្រុះ ធ្វើការបង្ក្រាបនិងរុះរើបំផ្លាញចោល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើសនេសាទ នៅក្នុងរដូវនេះ ភាគច្រើនមានរបាំងសាច់អួន និង របាំងស្បៃមុង។នៅថ្ងៃទី២២ កញ្ញានេះ កម្លាំងចម្រុះ បានសម្រេចរុះរើ និង បំផ្លាញចោលនៅនឹងកន្លែង មានរបាំងស្បៃមុង៦កន្លែង ប្រវែង៤០០ម៉ែត្រ លូស្បៃមុង៦មាត់,របាំងសាច់អួន៤កន្លែង ប្រវែង៨០០ម៉ែត្រលូសាច់អួន១០មាត់ បង្គោលចំនួន៥០០ដើមនិងចាក់លែងត្រីចម្រុះចំនួន២៥គីឡូក្រាម ។

លោក លី ឡា បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើឧបករណ៍ល្មើសច្បាប់ ចាប់ត្រីជាបន្តទៀត ពិសេសឧបករណ៍ឆក់និងស្បៃមុង ដែលជាប្រភេទឧបករណ៍ បំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ៕











