រមណីយ​ដ្ឋាន​ធម្មជាតិ​ទឹក​ធ្លាក់​ស្រែ​អំពិល​ មាន​ភ្ញៀវ​ទេស​ចរណ៍​ទៅ​លេង​ច្រើន​ឡើង​វិញ​បន្ទាប់​ពី​ជំងឺ​កូវិដ​១៩​ មាន​សភាព​ថម​ថយ​

  • កំពង់ឆ្នាំង ៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ជាតំបន់ទេសចរណ៍មួយ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ ក្នុងពេលសម្រាកពី
    ការងារ ជាពិសេសថ្ងៃឈប់សម្រាកបុណ្យជាតិនិងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ។

    រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប្រមាណ៥៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិក្តុលសែនជ័យ ឃុំក្តុលសែន​​ជ័យ ស្រុកទឹកផុស ។

    លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ រមណីយដ្ឋានទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ត្រូវបានផ្អាកទទួលភ្ញៀវមួយរយះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ.១៩ ។ ប៉ុន្តែក្រោយពីជំងឺរាលដាលជាសកលនេះ មានសភាពថមថយ ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានចាប់ផ្តើមបើកទទួលភ្ញៀវឡើងវិញផងដែរ ។

    លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ក្រោយពីសហគមន៍បើកឲ្យភ្ញៀវទៅលេងកំសាន្តឡើងវិញនោះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានភ្ញៀវទេសចរណ៍ទាំងក្នុងខេត្ត និង មកពីក្រៅខេត្ត បាននាំគ្នា ទៅលេងកំសាន្តជាហូរហែ ជាពិសេសនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ មានមនុស្យមកលេងច្រើន ។

    ភ្ញៀវទេសចរណ៍ ដែលមកលេង នៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ពិតជាបានប្លែកអារម្មណ៍ ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និង ចុះបានងូតទឹកជ្រោះដែលធ្លាក់ពីលើកំពូលភ្នំដ៏សែនត្រជាក់ ព្រមទាំងបានភ្លក់នូវរសជាតិម្ហូបអាហារ ឈ្ងុយឆ្ងាញ់ ដែលរៀបឡើងដោយ​សហគមន៍ទេសចរណ៍នៅទីនោះ ។ ភ្ញៀវទេសចរណ៍អាចដើរកំសាន្តក្នុងព្រៃនិងបោះតង់សម្រាកលំហែរជាមួយក្រុមគ្រួសារនិងមិត្តភ្តិបានផងដែរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង