កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើសិក្ខាសាលាស្តីពីការបង្ហាញផែនទីបង្ហាញផ្លូវ សម្រាប់ការគ្រប់គ្រង និង បង្ការភាពពិការភ្នែក ឆ្នាំ២០២២,២០៣០ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមនៅក្នុងអង្គសិក្ខាសាលានេះដែរមាន ឯកឧត្តម វេជ្ជៈបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក សិត សំអាត តំណាងកម្មវិធីជាតិ សុខភាពភ្នែក នៃក្រសួងសុខាភិបាល តំណាងអង្គការ fred hollow មន្ទីរពាក់ព័ន្ធ និង មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីសុខាភិបាលខេត្តគ្រប់លំដាប់
ថ្នាក់ ប្រើប្រាស់ក្នុងការរៀបចំផែនការ សកម្មភាពប្រចាំឆ្នាំ ដើម្បីសម្រេចគោលបំណង ក្នុងការកាត់បន្ថយភាពពិការភ្នែក ឲ្យនៅកម្រិតទាប ។

លោកជំទាវ អភិបាលរងខេត្ត បញ្ជាក់ថា ការផ្តល់សេវ៉ា គឺត្រូវមានធនធានមនុស្សប្រកបដោយ ជំនាញ បទពិសោធន៍ មានគុណធម៌ និង ថវិកាសមរម្យ។

លោកជំទាវ ប៊ន សុភី បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីកម្មវិធីសុខភាពភ្នែក និង អង្គការ ( Fred hollow ) ហ្វ្រិតហូឡូ ដែលបានគាំទ្រថវិកា និង សហការគ្នា អនុវត្តឲ្យប្រសើរឡើង នូវគុណភាព នៃគំហើញសម្រាប់មនុស្សគ្រប់រូប ៕











